Abstract
ការពិសោធនេះបានធ្វើឡើងនៅដីស្រែចំការវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះនរោត្ដមសីហមុនី ខេត្ដកំពត ដែលមានរយៈពេល៤សប្ដាហ៍គិតចាប់ផ្ដើមពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ គោលបំណងនៃការសិក្សានេះ គឺសិក្សាពីការប្រើប្រាស់ម្សៅសាច់ខ្យងមាសជំនួសឱ្យមេចំណីក្នុងចំណីផ្សំលើការលូតលាស់របស់ក្រួច។ កូនក្រួចពិសោធន៍មានចំនួន១២០ក្បាលមិនគិតញីឈ្មោលអាយុពីរសប្ដាហ៍ត្រូវបានបែងចែកចេញជា ២បច្ច័យនិង៣សា។ ការបែងចែកបច្ច័យចំណីពិសោធន៍នីមួយៗអនុវត្ដតាមគំរូប្លង់ចាប់ដោយចៃដន្យ(CRD) ដោយបច្ច័យចំណី T០ ជាក្រុមត្រួតពិនិត្យគ្មានម្សៅសាច់ខ្យងមាស និងបច្ច័យចំណី T១ ជាក្រុមបន្ថែមម្សៅសាច់ខ្យងមាស ៥ភាគរយដោយជំនួសមេចំណី។ លទ្ធផលពិសោធនៅក្នុងការសិក្សានេះបានបង្ហាញឱ្យឃើញថាកំណើនទម្ងន់លូតលាស់មធ្យមប្រចាំថ្ងៃរបស់ក្រួចទាំងពីរបច្ច័យមិនមានភាពខុសគ្នាទេ(P>0.05) ដោយបច្ច័យ T0(៣,៥៦ ក្រាម/ក្បាល/ថ្ងៃ) និង T១(៣,៤៨ ក្រាម/ក្បាល/ថ្ងៃ)មានកំណើនទម្ងន់លូតលាស់ប្រចាំថ្ងៃប្រហាក់ប្រហែលគ្នា។ ចំណែកបរិមាណចំណីស៊ីចូលជាមធ្យមប្រចាំថ្ងៃបានបង្ហាញថាបច្ច័យទាំងពីរមិនមានភាពខុសគ្នាទេ (P>0.05) ដោយបច្ច័យ T0(១៤,៨៥ ក្រាម/ក្បាល/ថ្ងៃ) និងT១(១៤,២៩ ក្រាម/ក្បាល/ថ្ងៃ) មានលក្ខណៈប្រហាក់ប្រហែលគ្នា។ ដោយឡែកសន្ទស្សន៍នៃការប្រើប្រាស់ចំណីជាមធ្យមបានបង្ហាញឃើញថា បច្ច័យទាំងពីរមិនមានភាពខុសគ្នាទេ (P>0.05) ដោយបច្ច័យT0(៣,៧២) និង T១(៣,៥៨) មានសន្ទស្សន៍នៃការប្រើប្រាស់ចំណីប្រហាក់ប្រហែលគ្នា។ រីឯអត្រាក្រួចស្លាប់នៅក្នុងការពិសោធបច្ច័យទាំងពីរមិនមានអត្រាក្រួចស្លាប់និងមានអត្រារស់រហូតដល់១០០ភាគរយ។ ដូចនេះយើងអាចសន្និដ្ឋានបានថា ការប្រើប្រាស់ម្សៅសាច់ខ្យងមាសនៅកម្រិត ៥ភាគរយក្នុងចំណីផ្សំអាចជំនួសមេចំណីនិងធ្វើឱ្យក្រួចមានកំណើនទម្ងន់ បរិមាណចំណីស៊ីចូល សន្ទស្សន៍នៃការប្រើប្រាស់ចំណីល្អប្រសើរព្រមទាំងមិនធ្វើឱ្យក្រួចមានអត្រាស្លាប់។ ការបន្ថែមម្សៅសាច់ខ្យងមាសនៅក្នុងចំណីផ្សំមិនបានបង្ហាញឥទ្ធពលអវិជ្ជមានដល់ការលូតលាស់របស់ក្រួចសាច់។
Keywords: ម្សៅសាច់ខ្យងមាស, មេចំណី, ការលូតលាស់, បរិមាណចំណី, ក្រួចសាច់
About the presenter
Join us at the Forum, 5–6 November 2026, Institute of Technology of Cambodia.
Are you the author? Sign in to My NRF to share this abstract.
